ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាឃាត់ខ្លួនពិរុទ្ធជនម្នាក់​ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

  ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា​ ពិរុទ្ធជនម្នាក់​ ពាក់ព័ន្ធ​ករណី​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ត្រូវ​បានកម្លាំងនគរបាលស្រុក​ថ្មគោល ឃាត់ខ្លួន​ដោយអនុវត្តដីការបស់តុលាការ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។

ការឃាត់ខ្លួននេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទី នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។  

ក្នុងប្រតិបត្តិការនោះ​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹងនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧១២ ពស.ព្រស/ឈ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក ជួន សុរាសី ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ រួម សុភ័ក្រ ហៅពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី២៣ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖