ភ្នំពេញ ៖ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី ៧។
សូមបញ្ជាក់ថា ៖ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ បានប្រារព្ធធ្វើនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសមាសភាពពេញសិទ្ធិចំនួន ១៩៤នាក់ ដែលជា សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រតិភូតំណាងសាខាទាំង២៥ រាជធានី-ខេត្ត អ្នកស្ម័គ្រចិត្ត ទាំង ១៤អនុសាខាក្នុងរាជធានីភ្នំពេញ និងប្រធានកិត្តិយស ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សា ចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។
មហាសន្និបាតកាកបាទក្រហមកម្ពុជា ក៏មានវត្តមាន ចូលរួមពីអ្នកសង្កេតការណ៍ចំនួន ៧៧នាក់ ជាប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងក្រុមប្រតិបត្តិថ្នាក់កណ្តាល ផងដែរ៕
ដោយ ៖ សហការី