ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
ព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រកនេះ ត្រូវបាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសនៃការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧។
សូមបញ្ជាក់ថា៖ មហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី ៧ នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានពិនិត្យ និងអនុម័ត សមាសភាពគណៈកម្មាធិការកណ្តាល អាណត្តិទី៧ មានសរុប ១៣រូប ដែលក្នុងនោះមាន ប្រធាន ១រូប គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អនុប្រធាន ៣រូប, អនុប្រធានអចិន្ត្រៃយ៍ ១រូប, អគ្គហេរញ្ញិក ១រូប និងសមាជិក ៦រូប ព្រមទាំងបានសម្រេចជ្រើសតាំង អគ្គលេខាធិការ ១រូប និងអគ្គលេខាធិការរង ២រូប ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ដោយអនុក្រឹត្យលេខ ៣៥៩អនក្រ.បក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី ៧ ៕
ដោយ ៖ សិលា