ភ្នំពេញ ៖ ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា “អ៊ុនតាក់” កម្ពុជាបាន ប្ដេជ្ញាចិត្តរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតដោយខ្លួនឯងផ្ទាល់ សំដៅធានាឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមស្មារតីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យមួយត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតនានានៅកម្ពុជា។ គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតទាំងសកល ទាំងអសកល បានចំនួន១៧លើករួចមកហើយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន ដោយមានការចូលរួមរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតយ៉ាងច្រើនលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសប្រជាធិបតេយ្យក្នុងតំបន់ និងពិភពលោក។ លទ្ធផលនេះ សបញ្ជាក់ឱ្យឃើញនូវឆន្ទៈនិងជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។
គ.ជ.ប អាណត្តិថ្មី សូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែងនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែល គ.ជ.ប អាណត្តិមុនសម្រេចបាន និងសូមកត់ត្រាទុកនវិចអាល ទាំងនេះ ដើម្បីជាបទពិសោធន៍សម្រាប់ គ.ជ.ប គ្រប់អាណត្តិ ព្រមទាំងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។ យកធ្វើជាមូលដ្ឋានក្នុងការរៀបចំ ចាត់ចែង គ្រប់គ្រង និងកែលម្អការបោះឆ្នោតលើកក្រោយៗទៀតឱ្យកាន់តែល្អប្រសើរឡើង ដើម្បីបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីបានប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ត្រូវបន្តបេសកកម្មរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតអសកលចំនួនពីរ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ស្របតាមការកំណត់នៃច្បាប់។
ដោយការប្តេជ្ញាចិត្តរបស់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មីនេះ រួមនឹងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលជា សេនាធិការលើការងារបច្ចេកទេស ប្រកបដោយបទពិសោធន៍ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងរៀបចំការបោះឆ្នោតអសកលទាំងពីរនេះ ប្រកបដោយជោគជ័យ ដូចការសន្យារបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាឱកាសប្រកាសចូលកាន់តំណែង។
ពិតមែនហើយ បើទោះបីជាចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពុំមានការបោះឆ្នោត ជាសកលយ៉ាងណាក្តី ក៏ គ.ជ.ប នៅបំពេញភារកិច្ច តួយ៉ាងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ពង្រឹងស្ថាប័ន ការងារអភិបាលកិច្ច និងការបង្កើនសមត្ថភាពដល់មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ឱ្យបានសមស្របតាមតម្រូវការការងារ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលនៃឧស្សាហកម្ម ៤.០ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ន ក៏ដូចជាទៅអនាគត សំដៅឆ្ពោះទៅការរៀបចំការ បោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី គ្មានជម្រើស អ្វីក្រៅពីបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោតទៅតាមអាណត្តិឱ្យប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការនេះ ជាការប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា