ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករខេត្តរតនគិរីចាប់ផ្តើមប្រមូលផលដំឡូងមីដោយសប្បាយរីករាយ ខណៈទីផ្សារមានតម្លៃប្រសើរជាងឆ្នាំមុន

ចែករំលែក៖

ខេត្តរតនគិរី៖ ប្រជាកសិករស្រុកអូយ៉ាដាវ ខេត្តរតនគីរី ចាប់ផ្ដើមមមាញឹកក្នុងការប្រមូលផលដំឡូងមី ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះ ក្រុមឈ្មួញចុះមកទិញ មានតម្លៃខ្ពស់សមរម្យប្រសើរជាងឆ្នាំកន្លងទៅ។ ប្រជាកសិកររំពឹងថា ឈ្មួញមិនអាចទម្លាក់តម្លៃនៅពេលដែលដំឡូងមីចាប់ផ្ដើមប្រមូលផលគ្រប់ទីកន្លែងនោះទេ។

    នៅក្នុងទិដ្ឋភាពជាក់ស្ដែងនា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកសិករ១ក្រុមប្រមាណជាង៣០នាក់ ដែលជាម្ចាស់ចម្ការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយធ្វើការប្រវ៉ះដៃគ្នាមិនយកកម្រៃទេ គឺប្រមូលផលរួចរាល់ពីចម្ការមួយតទៅចម្ការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់,កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញ។

លោក ឈេវ នា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចារ៉ាយ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នា ធ្វើការមិនយកកម្រៃនោះទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផលនោះ ដោយធ្វើប្រវ៉ះដៃគ្នាជាទម្លាប់តាំងពីដូនតាមកម្លេះ។ គាត់បានបញ្ជាក់ថា បងប្អូនជាម្ចាស់ចម្ការដំឡូងមី ដែលកំពុងគាស់,កោស,ហាលមកធ្វើការជុំគ្នា គឺយកបាយរៀងៗខ្លួនពីផ្ទះមកហូប ហើយផលដំឡូងមីឆ្នាំនេះ ទទួលផលច្រើនជាងឆ្នាំមុនៗ ដោយក្នុង១ហិកតា បានប្រមាណជា១០តោន ដោយពួកគាត់មានទឹកមុខសប្បាយរីករាយជាខ្លាំង។

លោក ហន ចយ ឈ្មួញកណ្ដាលទិញដំឡូងមីលក់បន្តនៅស្រុកអូរយ៉ាដាវ បានឲ្យដឹងថា គាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម តម្លៃ៤២០រៀលហើយ ដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ ៤៦០ ទៅ ៤៦៥រៀល ប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១ តោន ១៥ទៅ១៨ភាគរយទៅតាមប្រភេទដំឡូងមី ឫស ដី ឫកាកសំណល់ផ្សេងៗ។ ចំណែកដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម ៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។

លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្ត មានចំនួនសរុប១៨.៣៧០ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល១៥ភាគរយ។

លោកបានបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមី ជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង ១គីឡូក្រាម ៤១០រៀល កាត់១៥ភាគរយ ទៅលើ ឫស ដី កាកសំណល់ផ្សេងៗ ចំណែកឯតម្លៃប្រមូលទិញដំឡូងមីក្រៀម៧០០រៀលក្នុង១គីឡូក្រាម៕

ដោយ៖ សូរិយា


ចែករំលែក៖