ប៉ូលិសអ៊ុយក្រែនបាននិយាយថា ក្រុមប្រឹក្សាភូមិ Keretsky (ភាគខាងលិចអ៊ុយក្រែន) បានគប់គ្រាប់បែកដៃនៅឯកិច្ចប្រជុំមួយ ដោយបានធ្វើឱ្យមនុស្ស 26 នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ធ្នូ នៅភូមិ Keretsky ក្នុងតំបន់ភ្នំ Zakarpattia ។
វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook បង្ហាញពីបុរសម្នាក់ស្លៀកពាក់ខ្មៅចូលប្រជុំក្រុមប្រឹក្សា ខណៈដែលសមាជិកផ្សេងទៀតកំពុងពិភាក្សាគ្នាយ៉ាងក្តៅគគុក។ បន្ទាប់មក បុរសនោះបានដកគ្រាប់បែកដៃចំនួន៣ គ្រាប់ចេញពីហោប៉ៅរបស់គាត់ ដោះម្ជុលសុវត្ថិភាព ហើយទម្លាក់ចោលលើឥដ្ឋបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង បង្កឱ្យមនុស្សនៅជុំវិញស្រែកយំដោយភាពភិតភ័យ។
ប៉ូលិសបាននិយាយថា “ជាលទ្ធផលមនុស្ស 26 នាក់បានរងរបួសក្នុងនោះ 6 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ។ គ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសដែលបានគប់គ្រាប់បែកដៃ។ អត្តសញ្ញាណរបស់បុគ្គលនេះមិនត្រូវបានប្រកាសទេ។ ប៉ុន្តែកាសែត Pravda បាននិយាយថា គាត់គឺជា Serhiy Batryn ។
មូលហេតុនៅពីក្រោយឧប្បត្តិហេតុនៅមិនទាន់ច្បាស់នៅឡើយទេ។ ទីភ្នាក់ងារសារព័ត៌មាន Strana របស់អ៊ុយក្រែនបាននិយាយថា ថ្មីៗនេះ Batryn បានរិះគន់យ៉ាងខ្លាំងដល់មន្ត្រីក្នុងតំបន់ ដោយចោទប្រកាន់ពួកគេថាមិនបានដោះស្រាយបញ្ហារបស់ប្រជាជន ខណៈពេលដែលផ្តល់រង្វាន់ដល់ខ្លួនឯង៕ ដោយ៖ ធីរីណា
រូបថត៖ RT