ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទស្សនកិច្ចក្រៅប្រទេសរបស់សម្ដេច គឺផ្ដោតជាចម្បងលើការទាក់ម៉ូយ

ចែករំលែក៖

ប្រទេសជប៉ុន ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ រាល់ពេលដែលសម្ដេចទៅធ្វើទស្សនកិច្ចនៅបរទេសម្ដងៗ សម្ដេចតែងតែគិតគូរជាចម្បងទៅលើការទាក់ទាញការវិនិយោគ ឬហៅថា «ទាក់ម៉ូយ» ពីបណ្ដាប្រទេសទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សំដៅកាត់បន្ថយភាពក្រីក្រ។

សម្ដេចធិបតីបានថ្លែងបែបនេះនាឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់។

សម្ដេចធិបតីបានរំលេចថា ៖ នៅពេលសម្ដេចទៅប្រទេសចិន សម្ដេចបានឆ្លៀតជួបជាមួយក្រុមហ៊ុនចិន, ទៅអាមេរិកឆ្លៀតជួបជាមួយក្រុមហ៊ុនអាមេរិក, ជប៉ុនឆ្លៀតជួបជាមួយក្រុមហ៊ុនជប៉ុន, ទៅវៀតណាមជួបជាមួយក្រុមហ៊ុនវៀតណាម ។ល។ 

ទន្ទឹមនោះ ក៏សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាមិនចេះតែទទួលយកការវិនិយោគមិនរើសមុខនោះទេ។ ជាក់ស្ដែង បើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន នោះទោះជាមានការបណ្ដាក់ទុនច្រើនយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនទទួលដែរ ។ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះនឹងពង្រីកកម្លាំងពលករកម្ពុជានៅជប៉ុន ឱ្យបានរង្វង់ ៨០០០នាក់ នាពេលឆាប់ៗខាងមុខនេះ ដើម្បីកម្ពុជា កាន់តែសម្បូរទៅដោយអ្នកជំនាញវិជ្ជាជីវៈ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរ ៕ 

ដោយ ៖ សហការី


ចែករំលែក៖