ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសជប៉ុន

ចែករំលែក៖

ទីក្រុង​តូក្យូ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ធ្នូ ២០២៣នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន​។ 

បេីតាមការ​បញ្ជាក់ពី​លោក ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសជប៉ុន​ បានឱ្យដឹងថា​៖ បច្ចុប្បន្ន មាននិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុនជិត ៧០០នាក់, មាននិស្សិតយោធា កំពុងសិក្សានៅ បណ្ឌិតសភាយោធាជប៉ុនចំនួន ១២នាក់ និងកម្មសិក្សាការីជាច្រើននាក់ផ្សេងទៀតដែលកំពុងសិក្សា នៅប្រទេសជប៉ុន។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា​ ស្មារតីជាតិនិយម គឺការរួមគ្នាដើម្បីកសាងជាតិ យើង លើកស្ទួយជាតិរបស់យើង។

-សម្ដេចធិបតី ប្រកាស​បើកទូលាយសិទ្ធិឱ្យជេរសម្ដេច តែការសម្ដែងមតិ ក្នុងក្របខណ្ឌថ្លៃថ្នូរ កុំឱ្យបាក់មុខប្រទេសជាតិ ។ ការជំទាស់ និងមិនគាំទ្រ គឺជារឿងរបស់បងប្អូន តែវត្តមានរបស់សម្ដេចនៅជប៉ុនពេលនេះ ជាសារបញ្ជាក់ថា ជប៉ុន ទទួលស្គាល់សម្ដេចជានាយករដ្ឋមន្ត្រី ។

-សម្ដេចធិបតី ថ្លែង​ថា ការសម្ដែងមតិការប្រឆាំងជំទាស់នឹងអ្វីមួយ សូមកុំឱ្យបាក់មុខមាត់ប្រទេសរបស់យើង។

-សម្ដេចធិបតី ថ្លែង​ថា ការដែលជប៉ុនអញ្ជើញខ្ញុំមកចូលរួមកិច្ចប្រជុំ រម្លឹកខួបអាស៊ាន-ជប៉ុននៅពេលនេះ ជាសារគ្រប់គ្រាន់ដែលបញ្ជាក់ថា ជប៉ុនទទួលស្គាល់ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

-សម្ដេចធិបតី​ ថ្លែងថា​ ទំនាក់ទំនងសេដ្ឋកិច្ច គឺការតភ្ជាប់រវាងមនុស្ស និងមនុស្ស, បច្ចេកវិទ្យា និងបច្ចេកវិទ្យា ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណ ត្តិទី៧ នេះ។

-សម្ដេចធិបតី ថ្លែងថា​ មានការលើកសំណើរបស់ក្រុមហ៊ុនតាក់ស៊ីវៀតណាមមកប្រតិបត្តិការនៅ កម្ពុជា តែការសម្រេចឱ្យប្រតិបត្តិការ ឬអត់ គឺអាស្រ័យលើរាជរដ្ឋាភិបាល ។

-សម្ដេចធិបតី ថ្លែងថា​ អំឡុងទស្សនកិច្ចនៅវៀតណាម ខ្ញុំបានជួបពិភា ក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group ដែលមាននៅប្រទេសនានាជាង ៣០០ប្រទេសក្នុងពិភពលោក។ អំឡុងពិភាក្សានោះ ក្រុមហ៊ុនវៀតណាម បានលើកសំណើចង់បណ្ដាក់ទុន ដោយដាក់រថយន្តតាក់ ស៊ីចំនួន ២៥០០គ្រឿងឱ្យដំណើរការនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។ នេះជា ការពិភាក្សា ជាការលើកគម្រោង លើកគំនិតរបស់ក្រុមហ៊ុនវៀតណាមប៉ុណ្ណោះ។

-សម្ដេចធិបតី ថ្លែងថា​ ករណីដែលជប៉ុន និងអង្គការសហប្រជាជាតិ អញ្ជើញខ្ញុំទៅចូលរួមកិច្ចប្រជុំនានា គឺជាសកម្មភាពដែលបង្ហាញពីការគោរពតាមមតិភាគច្រើន និងគោ រពតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដោយមានពលរដ្ឋជាងប្រាំបី លាននាក់បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី។

-សម្ដេចធិបតី​ ថ្លែងថា​ ពលរដ្ឋខ្មែរនៅតាមបណ្ដាប្រទេសនានាទាំងអស់ គួរតែអបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិរបស់យើង។

-សម្ដេចធិបតី​ ថ្លែងថា​ អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបបន្តថែរក្សា សមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណ ងមិត្តភាព និងការទូតនៃប្រទេសទាំងពីរ។

-សម្ដេចធិបតី ថ្លែងថា​ ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស គោលបំណងធំបំផុត គឺការទាក់ម៉ូយវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនតាក់ស៊ីបរទេស មកប្រតិបត្តិការសេវាតាក់ស៊ីអគ្គិសនីនោះទេ។

-សម្ដេចធិបតី ថ្លែងថា អំឡុងពេលនេះ យើងមិនទាន់មានតម្រូវការឱ្យ ក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ រាជរដ្ឋាភិបាលក ម្ពុជានៅអាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម ឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត។

-សម្ដេចធិបតី ស្នើដល់ក្រសួងការងារកម្ពុជា និងភាគីជប៉ុន ពិភាក្សាលើការកាត់បន្ថយតម្លៃសេវាបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅជប៉ុនឱ្យបានចុះទាប យ៉ាងហោ ចណាស់ឱ្យបានចុះតម្លៃ ១០ភាគរយក្នុងមួយឆ្នាំដែរ។

-សម្ដេចធិបតី​ ថ្លែងថា​ កម្ពុជាគ្រោងបង្កើតអគ្គកុងស៊ុលមួយទៀតនៅ អូសាកាប្រទេសជប៉ុន ដើម្បីជួយសម្រួលនីតិវិធីនានាដល់ពលរដ្ឋកម្ពុជា ដែលមានតម្រូវការផ្សេងៗ។

-សម្ដេចធិបតី  ថ្លែងថា​ ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន និងកូរ៉េខាង ត្បូងអាចធ្វើលិខិតឆ្លងដែន(Pass Port)ថ្មីបាននៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ដោយមិនចាំ បាច់ធ្វើដំណើរមកស្រុកខ្មែរនោះទេ។

-សម្ដេចធិបតី ថ្លែងថា​ ណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបង្កើតមជ្ឈមណ្ឌលគាំពារពលករនៅប្រទេសជប៉ុន។

-សម្ដេចធិបតី បានស្នើដល់ក្រសួងការងារកម្ពុជាឱ្យដាក់ដំណើរ ការមជ្ឈមណ្ឌលគាំពារដល់ពលករកម្ពុជានៅកាណាហ្គាវ៉ា ដើម្បីជួយដោះស្រាយ និងសម្របសម្រួល ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ។ រាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា ។

-សម្ដេចធិបតី ថ្លែងថា​ អំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអ ស់ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម សូមកុំមានការព្រួយបារម្ភចំពោះគម្រោង តាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរ ការនោះទេ។ រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដើម្បីឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតថែមទៀត។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជា ដាក់គោលដៅពង្រឹងកូនខ្មែរឱ្យខ្លាំង ដើម្បីឯករាជ្យ និងម្ចាស់ការលើខ្លួនឯង។

-សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះនឹងពង្រីកកម្លាំងពលករកម្ពុជានៅជប៉ុន ឱ្យបានរង្វង់ ៨០០០នាក់ក្នុងមួយឆ្នាំ នាពេលឆាប់ៗខាងមុខនេះ ដើម្បីកម្ពុជា កាន់តែសម្បូរទៅដោយអ្នកជំនាញវិជ្ជាជីវៈ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនផងដែរ។

សូមជម្រាបជូនថា​ ក្នុងដំណេីកិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្ដីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគី ទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួម ផង ដែរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្ត្រ ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញ កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី៕

ដោយ៖ សហការី


ចែករំលែក៖