ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់ប្រភពព័ត៌មានពី ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើងដែលបានផ្សាយថា គណៈប្រតិភូការបរទេសកូរ៉េខាងជើងបាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលទីក្រុងព្យុងយ៉ាងបានបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗ ហើយបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩។
KCNA បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho និងសមភាគីចិន លោក Sun Weidong បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងទំនាក់ទំនងទ្វេភាគីកាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ទោះជាយ៉ាងនេះក្តីសេចក្តីរាយការណ៍របស់ KCNA មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញជំនួបនេះទេ។
បើតាមឯកសារយោងកន្លងមក ចំពោះមន្ត្រីកូរ៉េខាងជើងដែលទៅកាន់ប្រទេសចិនដើម្បីពិភាក្សាអំពីបញ្ហានយោបាយជាសាធារណៈគឺកម្រនឹងកើតមានណាស់ គិតចាប់តាំងពីខែមករាឆ្នាំ២០២០ នៅពេលដែលកូរ៉េខាងជើងបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រីឯ ដំណើរទស្សនកិច្ចកាលពីខែកញ្ញារបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ដើម្បីជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងប្រទេសរុស្ស៉ី ក៏ជាដំណើរក្រៅប្រទេសលើកដំបូងដែរ គិតចាប់តាំងពីមុនការរាតត្បាតជំងឺកូវីដ-១៩មក៕ ដោយ៖ ធីរីណា

រូប​ថត​៖ YONHAP NEWS


ចែករំលែក៖