ភ្នំពេញ ៖ តុលាការ សម្រេចមិនឃុំខ្លួនបុរសជាម្ចាស់ផ្ទះ ដែលប្រើកូនកាំបិតចុងស្រួចការពារខ្លួនចាក់ត្រូវចោរបណ្តាលឲ្យស្លាប់ ខណៈជនសង្ស័យចូលមកលួចទ្រព្យសម្បត្តិ ហើយយកកាំបិតបុ័ងតោដេញកាប់មកលើម្ចាស់ផ្ទះ នៅចំណុចផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល០៣និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ៕
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីហិង្សាដោយអចេតនា (បណ្ដាលឲ្យមនុស្សស្លាប់) កើតហេតុនៅចំណុចផ្ទះជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អាន វណ្ណនី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងភ្លើងនិងអ្នកដឹកជញ្ជូនឥវ៉ាន់ ស្នាក់នៅជួលលេខ៣០CE0 ផ្លូវលេខ៦៧០ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ម្ចាស់ផ្ទះ)។
ជនរងគ្រោះឈ្មោះ កន វឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចោរលួចទ្រព្យសម្បត្តិ) (ស្លា ប់)។
តាមប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះដែលបានស្លាប់នោះ បានធ្វើសកម្មភាព ចូលលួចរបស់របរនៅក្នុងផ្ទះរបស់ជនសង្ស័យដែលជាម្ចាស់ផ្ទះ ខណៈកំពុងលួច ស្រាប់តែម្ចាស់ផ្ទះឃើញ ពែលនោះជនរងគ្រោះដែលជាចោរ បានដកកាំបិតដើម្បីគំរាមម្ចាស់ផ្ទះ តែត្រូវបានម្ចាស់ផ្ទះបានយកកាំបិតចុងស្រួចចាក់ជនរងគ្រោះដែលជាចោរនោះ ដោយអចេតនា បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕
ដោយ៖ រ៉ារ៉ា