ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោច​! មនុស្ស​០៣នាក់បានស្លាប់និងរបួសធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍២ករណីផ្សេងគ្នា​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ ៖ សេចក្ដី​រាយការណ៍​នានាក្បែរកន្លែងកើតហេតុ នៅស្រុកបាកាន​និងស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំ​ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣ នេះថា យ៉ាងហោច​មានមនុស្ស​ចំនួន​២នាក់​បានស្លាប់​បាត់បង់​ជីវិត​យ៉ាងសង្វេគ និងម្នាក់​ទៀត​បានរងរបួស​ធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៍រន្ធត់០២​ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ។​

ប្រភពរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍លើកទី១. បានកើតឡើងស្ថិតនៅ​ភូមិ​.ឃុំស្វាយដូនកែវ ស្រុកបាកាន​ខេត្តពោធិ៍សាត់ រវាង​អ្នកបើកបរ​រថយន្ត​ប្រភេទបែនម៉ាក ហ៊ីណូ ពណ៌​ស គ្មានស្លាកលេខ ឈ្មោះ ផុន ទី ភេទប្រុស អាយុ​៣១ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិទួលរគាំង ឃុំអូរប៉ោង ស្រុកបាកាន លុះមកដល់កន្លែងកើតហេតុ បានបុកអ្នកជិះម៉ូតូម៉ាក ហុងដា​ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 2506 បណ្ដាល​ឲ្យ​ឈ្មោះ ហឿន លឿន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ ភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន(អ្នកបើកបរម៉ូតូ)ស្លាប់ និងអ្នករួមដំណើរឈ្មោះ ឈួន លីម ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់) ។​

ប្រភពដដែលបញ្ជាក់ទៀតថា ហេតុការណ៍លើកទី២. បានកើតឡើងស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ រវាង​អ្នកបើកបរ​រថយន្ត​សណ្ដោង​រុឺម៉កម៉ាក ហ៊ីយ៉ានដាយ ពណ៌ស​លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 3D 0385(គេចខ្លួន)បានរេចង្កូតបុករថយន្តចតលើចិញ្ចឹមផ្លូវម៉ាក សាំយ៉ុង ពណ៌ស​ពាក់ស្លាកលេខ ភ្នំពេញ 2N 8986 បណ្ដាល​ឲ្យ​ឈ្មោះ ធូ ចាន់ដារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ(ស្លាប់)​។​

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​អ្នកបើកបរ​រថយន្ត​ប្រភេទបែន បានជ្រុលបុកអ្នកជិះម៉ូតូ បណ្ដាល​ឲ្យ​អ្នកជិះម៉ូតូ​(ស្លាប់)​និងអ្នករួមដំណើរ(របួសធ្ងន់)និងអ្នកបើកបររថយន្តសណ្ដោងរុឺម៉ក និងរថយន្ត​ចតលើចិញ្ចឹមផ្លូវ(ស្លាប់)ម្នាក់ដែរនោះ សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យដឹងដែរថា បញ្ហាខាងលើ​នេះ កំពុងបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន​


ចែករំលែក៖