ព្រះមហាក្សត្រនៃប្រទេសគុយវ៉ែត Nawaf al-Ahmad al-Sabah បានចូលទិវង្គតនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៦ព្រះវស្សា បន្ទាប់ពីកាន់អំណាចបានជាង៣ឆ្នាំ។ មូលហេតុនៃការយាងចូលទិវង្គតរបស់ព្រះអង្គនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និងប្រព័ន្ធផ្សព្វផ្សាយជាតិគុយវ៉ែត ព្រះអង្គ Emir Nawaf al-Ahmad al-Sabah ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីចុងខែមុន ដោយសារបញ្ហាសុខភាពបន្ទាន់។
ព្រះអង្គម្ចាស់ Sheikh Meshal al-Ahmad al-Sabah ព្រះជន្ម ៨៣ព្រះវស្សា ត្រូវបានតែងតាំងជាអ្នកស្នងរាជ្យ។ តាមពិតទៅ ព្រះអង្គម្ចាស់គ្រងរាជ្យរបស់គុយវ៉ែតតាំងពីឆ្នាំ២០២១មក នៅពេលដែលអធិរាជណាវ៉ាហ្វបានប្រគល់ភារកិច្ចភាគច្រើនដល់ទ្រង់ដោយសារតែសុខភាពមិនល្អ។
ប្រទេសគុយវ៉ែតបានប្រកាសកាន់ទុក្ខរយៈពេល 40 ថ្ងៃ និងបិទស្ថាប័នផ្លូវការរយៈពេល 3 ថ្ងៃ។ មេដឹកនាំទាំងអស់បានសម្តែងការចូលរួមរំលែកទុក្ខចំពោះព្រះចៅអធិរាជដែលបានសោយទិវង្គត និងផ្ញើសាររំលែកទុក្ខដល់អ្នកស្នងតំណែងរបស់ព្រះអង្គ គ្រួសាររាជវង្ស Al Sabah និងប្រជាជនគុយវ៉ែត។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានពណ៌នាពីលោក Sheikh Nawaf ថាជា “ដៃគូដ៏មានតម្លៃនិងជាមិត្តពិតរបស់អាមេរិក”។ មេដឹកនាំរូបនេះបានសន្យាថានឹងបន្តពង្រឹងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។
ប្រទេសគុយវ៉ែត ជាប្រទេសដែលមានទុនបម្រុងប្រេងធំជាងគេទី៧ របស់ពិភពលោក មានព្រំប្រទល់ជាប់ប្រទេសអារ៉ាប៊ីសាអូ៊ឌីត និងអុីរ៉ាក់ ដែលមានទីតាំងនៅទល់មុខប្រទេសអុីរ៉ង់ ក្នុងឈូងសមុទ្រ។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ 2020មក លោក Sheikh Nawaf បានរក្សាគោលនយោបាយការបរទេសសំដៅធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយប្រទេសជិតខាង៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)