ព័ត៌មានទាន់ហេតុការណ៍៖

នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកទៅកាន់កូរ៉េខាងត្បូងក្រោយកូរ៉េខាងជើងត្រៀមបាញ់មីស៊ីល អន្តរទ្វីប

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃអាទិត្យទី១៧ ខែធ្នូនេះ ដើម្បីជាការសម្ញែងសាច់ដុំយោធានៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។
ការមកដល់របស់នាវាមុជទឹក USS Missouri ឬ SSN-780 កើតមានឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់នុយក្លេអ៊ែរជាលើកទី២ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រកន្លងទៅនេះ។ ក្រោយកិច្ចប្រជុំនេះ សេចក្ដីថ្លែងការណ៍រួមមួយរវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូងបានព្រមានថា រាល់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់អាមេរិកគឺជារឿងមិនអាចទទួលយកបាន ហើយវានឹងនាំទៅរកថ្ងៃអង្សារបស់របបដឹកនាំលោក គីម ជុងអ៊ុន។
កាលពីដើមសប្ដាហ៍កន្លងទៅ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ក៏បាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នៅក្នុងខែធ្នូនេះ។
ដំណើរទស្សនកិច្ចរបស់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ពីមុនមកគឺជារឿងកម្រនឹងកើតឡើងណាស់។ ប៉ុន្តែការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកទៅកូរ៉េខាងត្បូង មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូលនឹងទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រីកការ កំញើញប្រឆាំងនឹងកូរ៉េខាងជើង។ នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកឈ្មោះ USS Santa Fe ក៏បានធ្វើទស្សនកិច្ចទៅកាន់កោះ Jeju របស់កូរ៉េខាងត្បូងដែរ កាលពីខែវិច្ឆិកា រីឯនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson បានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Busan ក្នុងខែវិច្ឆិកាដដែល៕ ដោយ៖ ធីរីណា

រូប​ថត​៖ YONHAP


ចែករំលែក៖