ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងទទួលការណែនាំពី លោកស្រីឱសថការី វ៉ា ពុធនាថ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ចូលរួមជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់គីណាល់ លើកទី១១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ(CKCC)។
ការប្រកួតដណ្តើមពានរង្វាន់ គីណាល់ (Kinal Prize) ដែលប្រារព្ធជារៀងរាល់ឆ្នាំ ត្រូវបានរៀបចំឡើង ដោយ មូលនិធិគីណាល់ចាប់តាំងពីឆ្នាំ២០១៤ ក្នុងគោលបំណងជំរុញលើកទឹកចិត្តបណ្តុះគំនិតសិក្សាស្រាវជ្រាវ បែបវិទ្យាសាស្រ្តដល់និស្សិតកម្ពុជាវ័យក្មេង ចំណោមនិស្សិតឱសថសាស្រ្តកម្ពុជាវ័យក្មេងចូលរួមអភិវឌ្ឍផ្នែកឱសថសាស្ត្រនៅប្រទេសកម្ពុជា។
តាមរយៈការផ្តល់ពានរង្វាន់គីណាល់ គឺឧទ្ទិសដល់លោកឱសថបណ្ឌិត កុក សុខគីម កាលពី ៦៤ឆ្នាំមុន ដែលបានបង្កើតនូវឱសថសម័យទំនើបដំបូងគេ ក្នុងប្រទេសកម្ពុជា គឺឱសថ គីណាល់ ជាឱសថសម្រាប់ ព្យាបាល បំបាត់ការឈឺចុកចាប់។ នេះសបញ្ជាក់ថារបក គំហើញរបស់ឱសថគីណាល់ បានចាប់ផ្តើមជាច្រើនទសវត្ស មុនការបង្ហាញខ្លួននៅលើទីផ្សារពិភពលោក របស់ក្រុមហ៊ុនផលិតឱសថធំៗ នៅក្នុងសកលលោកទៅទៀត។
សូមបញ្ជាក់ថា មូលនិធិគីណាល់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន អគ្គនាយកសហគ្រាស ផលិត ឱសថ ប៉េប៉េអឹម និងក្រុមហ៊ុន ខនហ្វីរេល ហើយការរៀបចំព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់គីណាល់ និងពានរង្វាន់ត្នោតមាស ដំណើរការទៅបាន អាស្រ័យមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន និងសប្បុរសជនជាតិ និងអន្តរជាតិផងដែរ។
នៅឆ្នាំ២០២៣ នេះ ការចុះឈ្មោះចូលរួមប្រកួត បានកើនឡើងរហូតដល់ ២៦ ក្រុមមាននិស្សិត សរុបចំនួន ១២៣ នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ គឺ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យនរតុន វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល កងយោធពលខេមរភូមិន្ទនិងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អគ្គនាយកគ្រឹះស្ថានឱសថ PPM និងលោកជំទាវសាស្រ្តាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្រ្តីជំនាញនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង ក្រសួងសុខាភិបាល ព្រមទាំង លោក លោកស្រីសាស្ត្រាចារ្យសាកលវិទ្យាល័យសុខាភិបាលនានា មន្រ្តីបុគ្គលិក ក្រុមហ៊ុនPPM និស្សិតឱសថសាស្ត្រដែលមកពីសាកលវិទ្យាល័យនានាជាច្រើនរូប ៕
ដោយ ៖ សហការី