ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯស្រ្តីជាប្រពន្ធរួមដំណើរជាមួយបុរសភាគីម៉ូតូស្គូពីមួយគ្រឿងទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលបុរសជាម្ចាស់ម៉ូតូស្គុពីជិះបញ្រ្ចាសផ្លូវទៅបុកម៉ូតូហុងដាឌ្រីមចំពីមុខពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះម៉ៅ ម៉េង អាយ៣៣ឆ្នាំ មុខរបរអ្នកលក់ដូរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រស់នៅខេត្តតាកែវ។
ប្រភពព័ត៌មានពីស្រ្តីត្រូវជាប្អូនជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះនិងប្រពន្ធជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HN-6197 ឌុបគ្នាចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ ដោយបានបើកម៉ូតូតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូស្គូពីមួយគ្រឿងទៀត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IK-5507 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាសផ្លូវក្នុងល្បឿនយ៉ាងលឿនមកបុកចំពីមុខម៉ូតូឌ្រីមដែលជិះដោយប្តីប្រពន្ធ២នាក់ពេញទំហឹង បណ្តាលឱ្យភាគីខាងម៉ូតូហុងដាឌ្រីមដែលបើកដោយបុរសម្នាក់ជាប្តីស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែកឯប្រពន្ធនិងភាគីខាងម៉ូតូស្គូពី បានរងរបួសធ្ងន់ត្រូវបានដឹកតាមឡំប្រឺតាយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។
បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំឱ្យភាគីទាំងពីរដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ