ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣នេះ សមាជិក សមាជិកានៃគណបក្សភ្លើងទៀនប្រមាណជាង២០០នាក់មកពីខេត្តសៀមរាបនិងខេត្តកំពង់ធំ ព្រមទាំងមួយចំនួននៅភ្នំពេញ បានលើកគ្នាមកស្នាក់ការគណបក្សភ្លើងទៀន ដែលស្ថិតនៅផ្ទះលេខ៣២០E0 ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដកតំណែងប្រធាន-អនុប្រធាន និងអគ្គលេខាធិការចេញពីគណបក្ស ដោយសារកន្លងមកប្រធានគណបក្សនេះប្រកាន់បក្ខពួក មិនគោរពលក្ខន្តិកៈនៃគណបក្ស ចេះតែដកដាក់តួនាទីស្រេចតែចិត្ត ។
តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងបន្តថា ការលើកគ្នាមកទីស្នាក់ការគណបក្សភ្លើងទៀននេះ គឺបន្ទាប់ពីសមាជិក សមាជិកាមកពីតាមបណ្តាខេត្តមួយចំនួន ក៏ដូចជានៅរាជធានីភ្នំពេញ ដែលត្រូវបានគេដកចេញពីគណបក្ស ហើយក៏នាំគ្នាផ្តិតមេដៃប្តឹង ដើម្បីឱ្យមានការថ្កោលទោសប្រធាន-អនុប្រធាន និងអគ្គលេខាធិការឱ្យចុះចេញពីតំណែង។
គិតមកត្រឹមវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃដដែលនេះដែរ សមាជិកសមាជិកាគណបក្សភ្លើងទៀនបានរំសាយហើយ ដោយលើកឡើងថា បើគ្មានដំណោះស្រាយទេ ពួកគាត់នឹងបន្តធ្វើបាតុកម្មបន្តទៀត ៕
ដោយ រ៉ារ៉ា