ទីក្រុងតូក្យូ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។
គួររម្លឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣។
ចំណែកមន្រ្តីជាន់ខ្ពស់ដែលអមដំណើរ សម្តេចធិបតី រួមមាន៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តាសោភា ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្ត្រីមួយចំនួន មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគម ឧកញ៉ាកម្ពុជា។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្ដីពីមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ អនុវត្តសេចក្តីប្រកាសចក្ខុវិស័យរួម ដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួនបី រួមមាន (១) ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់ (២) ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម នៃអនាគត និង (៣) ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូល សម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ្វូមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគី ទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួមផងដែរ៕
ដោយ៖ សហការី