ខេត្តសៀមរាប៖ ក្រុមការងារនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឱ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាតត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានប្រមាណសម្រេច៦០ភាគរយហើយ។
លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្មទាំងបួនទិសបានបាត់បង់ ដែលត្រូវរងចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឱ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ៕
ដោយ៖ សូរិយា