សូម្បីតែនៅក្នុងទឹកដីដ៏ល្បីល្បាញសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ពិភពលោកក៏ដោយ ក៏គម្រោងបំបែកកំណត់ត្រាពិភពលោកនេះគឺជាអ្វីមួយដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។
ស្ពានមានប្រវែង 15 ម៉ាយ (24 គីឡូម៉ែត្រ) ទទឹង៨គន្លងរថយន្ត ដោយមានកោះសិប្បនិមិត្ត និងផ្លូវរូងក្រោមដីមួយ ស្ពាន Shenzhen-Zhongshan របស់ប្រទេសចិនមានតម្លៃ 6.7 ពាន់លានដុល្លារ គឺជាគម្រោងដ៏មានមហិច្ឆតា។ ចំពេលមានអ្នកគាំទ្រជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកសាងសង់ស្ពានថ្មីៗនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយដោយអុ៊តកៅស៊ូផ្លូវ ច្រើនជាង 243.200 ហ្វីតការ៉េ (22.600 ម៉ែត្រការ៉េ) ស្មើនឹងទីលានបាល់បោះជាង 50 ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
សម្រាប់អ្នកសង្កេតការណ៍មួយចំនួន ការសាងសង់ស្ពានយក្សបែបនេះ គឺជាសក្ខីភាពមួយចំពោះមហិច្ឆតាដែលកំពុងកើនឡើងរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ ក៏ដូចជាបញ្ហាដែលខ្លួនប្រឈមមុខក្នុងការសម្រេចបាន។
នៅពេលដែលស្ពាន Shenzhen-Zhongshan បើកឱ្យធ្វើចរាចរណ៍នៅឆ្នាំក្រោយ បន្ទាប់ពីការសាងសង់បាន៨ឆ្នាំ វានឹងបង្កើតជាចំណុចកណ្តាលនៃផែនការមេរបស់ប្រទេសចិនក្នុងការអភិវឌ្ឍតំបន់ Greater Bay ដែលជាតំបន់ទីក្រុងធំបំផុតមួយ និងមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ក្លាយជាតំបន់សេដ្ឋកិច្ចនិងមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលអាចប្រៀបធៀបទៅនឹងទីក្រុង San Francisco ញូវយ៉ក ឬតូក្យូ។
វាគឺជាមហិច្ឆតាមួយដែលដូចជាស្ពានដែលកំពុងត្រូវបានសាងសង់គឺមានទំហំធំសម្បើម។ តំបន់ Greater Bay គឺជាផ្ទះសម្រាប់ប្រជាជនចំនួន 68 លាននាក់ គ្របដណ្តប់លើផ្ទៃដី 21,800 ម៉ាយការ៉េ និងរួមបញ្ចូលទីក្រុងចំនួន 11 មាន ហុងកុង ម៉ាកាវ និងប្រាំបួនផ្សេងទៀតរួមទាំង Zhongshan និង Shenzhen ។ ទីក្រុង Shenzhen តែមួយគត់គឺជាផ្ទះសម្រាប់មនុស្សជាង 12 លាននាក់ ដោយមិននិយាយអំពីក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់លានដុល្លារដូចជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក DJI និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Tencent ដែលបានជួយផ្តល់រហស្សនាមថា “China’s Silicon Valley”។
ជាមួយនឹងការរចនាដ៏ឆ្លាតវៃ មជ្ឈមណ្ឌលបញ្ជាសង្គ្រោះបន្ទាន់នៃផ្លូវតភ្ជាប់ Shenzhen – Zhongshan អាចដាក់ពង្រាយប្រតិបត្តិការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយគ្រាន់តែចុចប៊ូតុងមួយបន្ទាប់ពីទទួលបានព័ត៌មាន។ ផ្លូវរូងក្រោមដីនេះក៏ត្រូវបានបំពាក់ដោយច្រកចេញសង្គ្រោះបន្ទាន់ចំនួន 83 និងឧបករណ៍ចាប់សញ្ញាមួយចំនួនធំ ដែលផ្តល់ការការពារអតិបរមាសម្រាប់អ្នកដំណើរ។
គេរំពឹងថា ផ្លូវដែលតភ្ជាប់ទីក្រុង Shenzhen – Zhongshan នឹងត្រូវបានបើកឱ្យធ្វើចរាចរណ៍នៅខែមិថុនា ឆ្នាំ 2024 ដោយជួយឱ្យពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរពី 2 ម៉ោងសល់ត្រឹម 30 នាទី៕
ដោយ៖ ធីរីណា(រូបថត៖ Getty Images)