ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិបានបើកកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និង ខួប ៥ ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី ភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សានិងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និង ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងមានការចូលរួមពី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មកពី ក្រសួង ស្ថាប័ន នានាជាច្រើនទៀត ។
ថ្លែងបើកកិច្ចប្រជុំនាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និង ការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និង ខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ គឺជាព្រឹត្តិការណ៍សំខាន់បង្ហាញពីសន្តិភាពដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ ក្រសួង ស្ថាប័ននានា ដែលបានចូលរួមចំណែកជួយជ្រោមជ្រែង ដើម្បីជំរុញឱ្យដំណើរការប្រារព្ធខួប ២៥ ឆ្នាំ ប្រព្រឹត្តទៅទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ក្នុងពិធីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏បានរៀបចំពិធីតាំង ពិព័រណ៍ ដោយមានការចូលរួមពីស្ថាប័ន ក្រសួងនានា រួមមាន៖ ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ – ពិព័រណ៍ផលិតផល និង ម្ហូបអាហារខ្មែរ ព្រមទាំង បាញ់កាំជ្រួច នៅពេលរាត្រី អបអរខួបលើកទី ២៥ ឆ្នាំ រយៈពេល ៣ ថ្ងៃចាប់ពី ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ៕
ដោយ៖ សូរិយា