ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា នៅពេលថ្មីៗនេះ ក្រសួង បាន សង្កេតឃើញថានៅមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើ សំបក វេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទ អង្គរវត្ត នៅលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់ កាញ់ ក្រៀម និងមុខទំនិញខ្លះទៀត ដែលបានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលីហ្វ័រញ៉ា និងនៅរដ្ឋដទៃទៀតក្នុងសហរដ្ឋអាម៉េរិក ដោយពុំមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា ជាចំណាត់ការបន្ត, ក្រសួងពាណិជ្ជកម្ម បាន និង កំពុងសហការជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ច ដើម្បី មាន វិធានការផ្លូវច្បាប់លើការប្រព្រឹត្ត ល្មើសដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាក សញ្ញា ប្រាសាទបាយ័នលើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់ លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារ នៃសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដទៃទៀតផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ