ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទទួលបានការគាំទ្រពីរាជធានី-ខេត្តចំនួន ១១ បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ រាជធានីខេត្តចំនួន១១ បានប្តេជ្ញាចិត្តចូលរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការចុះអនុស្សរណយោគយល់ (MOU) រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានី-ខេត្តទាំង១១។

ពិធីចុះអនុស្សរណយោគយល់នេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ២១ ធ្នូ ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះ តំណាងរាជធានី ខេត្តចំនួន១១ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីនាំមកនូវភាពស្អាត និងកិត្តិយសជូនរាជធានី-ខេត្ត និងជាពិសេសលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិក​ចូលទៅក្នុងទឹក ដែលទឹកជាប្រភពសំខាន់ និងជាជម្រកត្រី ហើយត្រីទៀតសោតក៏ជាប្រភព​ប្រូតេអីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ចំពោះការគិតគូរដល់សុខមាលភាពប្រជាពលរដ្ឋនេះ គឺស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ។

រាជធានីខេត្តចំនួន១១ ដែលបានចុះអនុស្សរណយោគយល់ (MOU) ជាមួយក្រសួងបរិស្ថាននោះរួម​មាន៖ រាជធានីភ្នំពេញ,ខេត្តកំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែង, ស្វាយរៀង,កំពង់ធំ,ព្រះវិហារ,សៀមរាប,បាត់ដំបង, បន្ទាយមានជ័យ និងឧត្តរមានជ័យ។

គួរបញ្ជាក់ដែរថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការគាំទ្រពីព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សា នុសិស្សប្រមាណជាង ៣លានអង្គ/នាក់ ហើយនិន្នាការគាំទ្រភាពស្អាតនេះ បានកើនឡើងជាលំដាប់ ជារៀង រាល់ថ្ងៃចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកស្រឡាញ់ភាពស្អាត ហើយភាពស្អាតនេះគឺសំដៅដល់បុគ្គល សង្គម និងប្រទេសកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖