ខេត្តកំពង់ស្ពឺ៖ បង្គោលភ្លើងរបស់រដ្ឋ១ដើមបានរងការបាក់ខ្ទេច ដោយសារតែរថយន្តព្រូស( Prius)១គ្រឿង សង្ស័យតៃកុងរថយន្តស្ទើរភ្លើងបើកបោះពួយយ៉ាងលឿនជ្រុលទៅឡេីងលើឃឿនពុះចែកទ្រូងផ្លូវ ពេញទំហឹងសំណាងល្អមិនមានអ្នកធ្វើដំណើររងរបួស។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីខាងលើនេះបង្កឡេីងដោយរថយន្ដ១គ្រឿង ម៉ាកព្រូស( Prius )ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-2970 បេីកបរដោយឈ្មោះ នុត សារ៉ាត់ ភេទប្រុស អាយុជិត៣០ឆ្នាំ( មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងខេត្តកំពង់ស្ពឺ)។
នគរបាលបានបន្តថា នៅមុនពេលកើតហេតុតៃកុងរថយន្តខាងលើបានបេីកបរ តាមផ្លូវមុខស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ហើយបោះពួយយ៉ាងលឿនរួចជ្រុលចង្កូតឡេីងឃឿនពុះចែកទ្រូងផ្លូវនៅចំណុច ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងករណីចរាចរណ៍ខាងលេីមិនបណ្តាលឱ្យរងរបួសមនុស្ស ប៉ុន្តែបំផ្លាញទ្រព្យសម្បត្តិ បង្គោលភ្លើងសាធារណៈនៅដងផ្លូវមួយដេីម ឃឿនផ្លូវ ដេីមឈើ ។
ក្រោយកេីតហេតុសមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ និងបានយករថយន្ដខាងលេីមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា