ខេត្តបន្ទាយមានជ័យ៖ គ្រូបង្រៀនម្នាក់ត្រូវជនដៃដល់ជាអ្នកជិតខាងលបបាញ់នឹងចម្ពាមកៅស៊ូនិងយកដែកមុតស្រួចតាមចាក់រហូតដល់ផ្ទះបណ្តាលឱ្យរងរបួសចំនួន០៣កន្លែង កាលពីវេលាម៉ោង ម៉ោង៦និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។
នគរបាលស្រុកព្រះនេត្រព្រះបានឳ្យដឹងថា៖ ជនរងគ្រោះឈ្មោះពិន ដារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ (ជាគ្រូបង្រៀន)។ ចំណែកជនដៃដល់ឈ្មោះស៊ាន សាវេត ហៅចំរ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ( ធ្លាប់លេបថ្នាំសរសៃប្រសាទ) ដែលមានផ្ទះនៅក្បែរគ្នា ។
នគរបាលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរទៅមើលទ្រុងជ្រូកក្រោយផ្ទះចម្ងាយប្រមាណ៣០ម៉ែត្រ ពេលនោះស្រាប់តែជនដៃដល់បានយកចម្ពាមកៅស៊ូបាញ់ចំនួន២គ្រាប់តែមិនត្រូវ ពេលនោះជនរងគ្រោះភ័យក៏រត់ចូលក្នុងផ្ទះក៏ត្រូវជនដៃដល់ដេញតាមចាក់នឹងដែកចុងស្រួចឱ្យរងរបួស០២កន្លែង ត្រូវដើមដៃស្តាំរបួស២កន្លែង និងវាយត្រូវក្បាលផ្នែកខាងក្រោយ០១កន្លែង។
នគរបាលបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុជនដៃដល់ត្រូវបានចាប់ឃាត់ខ្លួន ។ តាមសាកសួរចម្លើយជនដៃដល់បានសារភាពថា គេពិតជាបានបាញ់ ចាក់និងវាយទៅលើជនរងគ្រោះមែន ក៏ព្រោះតែគេខឹងជនរងគ្រោះកន្លងមកធ្លាប់និយាយមើលងាយដល់ខ្លួន ទើបកើតជាគំនុំ៕
ដោយ ៖ វណ្ណា