ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងស​ង់​ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥​៦​៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ​ ដែលមានតម្លៃ ២៤៣លានដុល្លារ​អាមេរិក​។  

សូមជម្រាបជូនថា​ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។ ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហាន​ទី១​នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹម​តែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះ​​ប្រហាក់​ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់។

បន្ទាប់ពីបញ្ចប់ការសាងសង់ក្នុងជំហានទី១ហើយនោះ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី៣បន្ថែមទៀត។ ជំហានទី២ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង ១ម៉ឺន TEUs មានផ្លូវដឹកជញ្ចូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុប​រហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។

ជំហានទី៣ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្មើ​នឹង ១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិក និង​ទូ​ទាំង​​ពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់​ឆ្លង​កាត់​បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះ នឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣នេះ គ្រោងនឹង​ចំណាយ​ថវិកា សាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាម៉េរិក​បន្ថែម​ទៀត ដែលទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ជាឥណទានសម្បទាន​ពីរដ្ឋាភិបាលប្រទេសជប៉ុន និងជាង ១០០លានដុល្លារអាម៉េរិក ជាថវិកា​បដិភាគ​របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកប​ដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំពីគ្រប់​តំបន់​នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។

ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ហើយនោះ ក៏មានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់​ចល័តនៅគែមផែចំនួន ២គ្រឿង ដែលជាប្រភេទរថយន្តស្ទូច មានសមត្ថភាព​លើកដាក់ទំនិញបានរហូតដល់ ១០០តោន។ គ្រឿងចក្រទាំងពីរគ្រឿងនេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយបានចំណាយថវិកាសរុប​ប្រមាណ ១៣,៩លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាង​សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់​ប្រទេស​ជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើង​គួរឱ្យកត់​សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់មានចំនួន​ជាង ៧លានតោន កើនឡើង ១១,៣៤ភាគរយ និងចំណូលអាជីវកម្មសរុបមាន​ចំនួនជាង ៨៥លានដុល្លារអាម៉េរិក កើនឡើង ២,៧១ភាគរយ បើធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ២០២២។​ បន្ថែមពីលើនេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជាង ៧៥ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣ភាគរយក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២៕

ដោយ៖ សហការី


ចែករំលែក៖