ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងបង្ការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារមួយកន្លែង ដែលរងការឆាបឆេះនៅខណ្ឌចំការមន រយៈពេល២យប់០៣ថ្ងៃ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងជួយអន្តរាគមន៍សង្រ្គោះពន្លត់អគ្គិភ័យនៅអគារមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅខណៈដែលអគ្គិភ័យនេះបានឆាបឆេះអគារនោះរយៈពេល២យប់៣ថ្ងៃមកហើយ ដោយសារការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំងនៅក្នុងអគារផ្លូវចូលមានភាពចង្អៀតធ្វើឱ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះ។
ប៉ុន្តែការជួយសង្រ្គោះមកដល់រសៀលថ្ងៃនេះគេឃើញការគ្រប់គ្រងអគ្គិភ័យបាននឹងបង្កើនការទប់ស្កាត់មិនបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេង ដោយមានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤។
ប្រតិបត្តិការសង្រ្គោះអគ្គិភ័យគឺមានការចូលរួមសហការពីកងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ និងក្រុមជួយសង្រ្គោះនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមជួយសង្រ្គោះនាយកដ្ឋានបង្ការពន្លត់អគ្គីភ័យ និងក្រុមការងារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា៖ អគ្គិភ័យខាងលើបានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទីព្រឹក ពាក់ព័ន្ធបញ្ហាអគ្គិភ័យនេះ សមត្ថកិច្ចមិនដឹងមូលហេតុនៅឡើយនោះទេ កំពុងធ្វើការស្រាវជ្រាវ៕
ដោយ៖ សហការី