ព័ត៌មានទាន់ហេតុការណ៍៖

ដោះលែងស្ត្រីដែលប្រើអំពើហិង្សាលើក្មេងស្រីឱ្យនៅក្រៅឃុំ បន្ទាប់ពីគ្រួសារធ្វើលិខិតស្នើសុំឱ្យតុលាការធ្វើការដោះលែង

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ទិត្យ ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ដែលបានប្រើអំពើហិង្សាលើក្មេងស្រីអាយុ៦ឆ្នាំនៅសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវនោះទេ ពោលគឺដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ការសម្រេចបែបនេះរបស់តុលាការបានធ្វើឡើងក្រោយក្រុមគ្រួសារទាំងមូល បានសម្រេចដកពាក្យបណ្តឹង និងម្យ៉ាងទៀតស្រ្តីរូបនេះជាអ្នកចិញ្ចឹមបីបាច់ក្មេងស្រីរងគ្រោះផ្ទាល់ដៃនិងក្មេងតូចៗ៣នាក់ទៀត ក្រោយម្តាយរបស់ពួកគេ បានយកមកផ្ញើ ហើយទៅធ្វើការនៅទីឆ្ងាយ។

លោក អុី រិន ដែលជាអ្នកនាំពាក្យនិងជាប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យអ្នករាយការណ៍ព័ត៌មានប្រចាំតុលាការបានដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ថា «ជនត្រូវចោទឈ្មោះ ឃុន វ៉ាន់ដា ភេទស្រី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ (ប្រើអំពើហិង្សាលើក្មេងស្រីអាយុ៦ឆ្នាំ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣០៩K ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០:០០នាទី នៅចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១បានឃាត់ខ្លួនស្ត្រីរូបនេះក្រោយពីប្រើហិង្សាលើអនីតិជន។ ក្មេងស្រីរងគ្រោះឈ្មោះ យ វ ល ស អាយុ៦ឆាំ្ន មុខរបរជាសិស្សត្រូវជាក្មួយ។

របាយការណ៍សមត្ថកិច្ចបន្ថែមថា ពេលកើតហេតុ ស្រ្តីរូបនេះបានហៅក្មួយទាំង៤នាក់មកហូបបាយជុំគ្នា។ ក្រោយពេលហូបបាយរួច ស្រ្តីខាងលើបានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមក ធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វឱ្យស្រ្តីរូបនេះខឹងទ្រាំមិនបានក៏បើកទា្វររបងផ្ទះយកក្រមាដែលទុកនៅលើម៉ូតូមកធ្វើសកម្មភាពចងជើង ចងដៃជនរងគ្រោះឱ្យដេកផ្កាប់មុខទៅនឹងដី ហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះ។ ឃើញសកម្មភាពខាងលើនេះ អ្នកជិតខាងក៏ថតជាវីដេអូបង្ហោះតែម្តង។

ពេលឃើញវីដេអូនៃការប្រើហិង្សាភ្លាម, ម្នាក់ៗមានការខឹងសម្បាយ៉ាងខ្លាំង និងសូមឱ្យសមត្ថកិច្ច តុលាការចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះស្រ្តីរូបនេះ ប៉ុន្តែក្រោយការសួរនាំ និងធ្វើការស្រាវជ្រាវទៅ ទើបដឹងថា ស្រ្តីរូបនេះជាអ្នកចិញ្ចឹមក្មេងស្រីរងគ្រោះផ្ទាល់ រួមជាមួយក្មេងតូចៗ៣នាក់ទៀតនៅក្នុងបន្ទុក ក្រោយពីឪពុកម្តាយរបស់ពួកគេបានយកមកផ្ញើ ហើយទៅធ្វើការនៅទីឆ្ងាយ។

ម្យ៉ាងទៀតម្តាយក្មេងស្រីរងគ្រោះក៏បានដាក់ពាក្យអន្តរាគមន៍ទៅសមត្ថកិច្ចឱ្យដោះលែងបងស្រីរបស់ខ្លួន (ជនសង្ស័យ) ពីព្រោះបងស្រីម្នាក់នេះហើយ ដែលបានមើលថែកូនស្រីរបស់ខ្លួនទាំង៤នាក់រយៈពេល៤ឆ្នាំមកហើយ។ សម្រាប់ស្រ្តីសង្ស័យក៏ទទួលស្គាល់កំហុស និងបានសន្យាថានឹងមិនធ្វើរឿងបែបនេះលើកក្រោយទៀតឡើយសម្រាប់ការប្រៀនប្រដៅក្មួយៗទាំង៤នាក់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖