ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថានមានកិច្ចប្រជុំគណៈកម្មាធិការចម្រុះយន្តការឥណទានកាបូនរួមគ្នាលើកទី៦ ដឹកនាំដោយលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសហប្រធានគណៈកម្មាធិការចម្រុះយន្តការឥណទានកាបូនរួមគ្នា ជាមួយលោក TANINAI Ichitomo សហប្រធានគណៈកម្មាធិការចម្រុះយន្តការឥណទានកាបូនរួមគ្នាភាគីជប៉ុន និងដោយមានការចូល រួមពីសមាជិកគណៈកម្មាធិការចម្រុះភាគីទាំងពីរ និងសមាជិកលេខាធិការដ្ឋាន។
ជាកិច្ចចាប់ផ្តើមលោក TANINAI Ichitomo សហ ប្រធានភាគីជប៉ុន លើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយន្តការឥណទានកាបូនរួមគ្នាតាំងពីឆ្នាំ ២០១៤ និងបន្តកិច្ចសហប្រតិបត្តិការនេះឱ្យបានទូលំ ទូលាយបន្ថែមទៀត។ ជាការឆ្លើយតបលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាសហ ប្រធានគណៈ កម្មាធិការចម្រុះយន្តការឥណទានកាបូនរួមគ្នាបានថ្លែងអំណរគុណដល់ភាគីជប៉ុន និងសមាជិកទាំងអស់ដែលបានចំណាយពេលវេលាចូលរួមកិច្ចប្រជុំនេះ។
លោករដ្ឋលេខាបានលើកឡើងពីគោលនយោបាយបញ្ច កោណរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្រ្តចក្រា និងការប្តេជ្ញាចិត្តរបស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងការមិនអនុញ្ញាតឱ្យមានតំបន់រ៉ែក្នុងតំបន់ព្រៃឡង់ និងដើម្បីជៀសវាងការលេចធ្លាយកាបូនក្នុងតំបន់អនុវត្តគម្រោងរេដបូក។ កិច្ចប្រជុំនេះទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១. ឯកភាពលើចំនួនឥណទានកានបូនចំនួន ៦១២.៥២៥ tCO2 ដំណាក់កាលទី១ ឆ្នាំ២០១៨-២០២០។ ចំនួនដែលនៅសល់ប្រមាណ ២៨៨.២៤៥ tCO2 ស្នើក្រុមការងារភាគីជប៉ុនពន្យល់ពីមូលហេតុបន្ថែម។ សម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២ ភាគីកម្ពុជានឹងពិនិត្យលើវិធីសាស្រ្តលើការគណនាបរិមាណឥណទានកាបូនផលិតបាន បញ្ហាតម្លៃទីផ្សារកាបូននាពេលបច្ចុប្បន្ន។
២. ភាគីទាំងពីរឯកភាពក្នុងការផ្តល់ការពន្យល់បន្ថែមលើការជ្រើសតាំងភាគីទី៣ និងស្នើទុកពេលវេលាពិនិត្យ និងប្រជុំពិភាក្សាផ្ទៃក្នុង និងឆ្លើយតបទៅវិញនៅសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៤
៣. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើភាគីជប៉ុនគិតគូពីវិស័យកសិកម្មទៅក្នុងយន្តការឥណទានកាបូនរួមគ្នា។
កិច្ចប្រជុំនេះបានបញ្ចប់ដោយភាពរីករាយ និងជិតស្និត និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ៕
ដោយ៖ សូរិយា