ភ្នំពេញ៖ កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកក្នុងការឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុ។ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងបែបបេះ នៅក្នុងពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។
ជាមួយគ្នានេះ លោកបានបន្ថែមថាក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលក្នុងនោះបានកំណត់គោលនយោបាយអាទិភាព ៣ គឺស្អាត បៃតង និងចីរភាព។ លោក ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការ កាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរស្អាត និងតំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងដែរថា វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺជាកត្តាជំរុញដ៏សំខាន់ នៃការលុបបំបាត់ការបញ្ចេញកាបូន នៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូន នៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត។
ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់កូនឈើ ជូនប្រជាពលរដ្ឋដាំក្នុង១ឆ្នាំ១លានដើមដើម្បីជាវិធាន ការកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកប ដោយនិរន្តរភាព។
សូមបញ្ជាក់ថា សិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់ អ្នកសារព័ត៌មាន នៅកម្ពុជា បានអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន ៣០នាក់ មកពីស្ថានីយវិទ្យុ និងទូរទស្សន៍ ទស្សនាវដ្តី កាសែតអេឡិកត្រូនិក ការសែតបោះពុម្ព និងបណ្តាញផ្សព្វផ្សាយអនឡាញធំៗ នៅកម្ពុជា មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីបង្កើនការរយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជន ឲ្យកាន់តែច្បាស់ពីសកម្មភាព និងបេសកកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយក្នុងនោះ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០»៕
ដោយ៖ សហការី