ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់សហប្រធាននៃ កិច្ចប្រជុំគឺ នាយឧត្តមសេនីយ៍ មីន អោងឡាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ ម៉ា និង លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ អញ្ជើញអម សម្តេច ធិបតី រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល។ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង – ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើង វិញនូវវឌ្ឍនភាពដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំ រួមមាន៖ (១) សេចក្តីថ្លែងការណ៍ទីក្រុង ណៃពិដោ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤នេះ នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើក កម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕
ដោយ ៖ សិលា