ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ៖​ ស្លាប់៦៩ នាក់របួស២៤៨នាក់​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន១៤៩ករណី ត្រឹមតែជិត២សប្ដាហ៍ប៉ុណ្ណោះ!

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែង​ឱ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃរយៈពេលជិត២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន១៤៩ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ៦៩នាក់ និងរងរបួស២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០ មកដល់ថ្ងៃទី២២ ខែធ្នូនេះ។  

លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតងគ្រោះច្រើនជាងគេ។ ហេតុនេះហើយបានជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ​ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

លោកអ្នកនាំពាក្យរងរូបនេះ​ បន្តថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្ត​កើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើស​ល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍​​ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕

ដោយ៖ សហការី


ចែករំលែក៖