ភ្នំពេញ ៖ នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបនិងពិភាក្សាការងារ ជាមួយក្រុមហ៊ុនចិននិងក្រុមហ៊ុននាំចូលសម្ភារឧតុនិយម។
សូមបញ្ជាក់ថា៖ ដើម្បីស្វែងយល់ពីគោលបំណងនិងទស្សនវិស័យរបស់ក្រុមហ៊ុនចិន ស៊ីណូម៉ាច លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានទទួលជួបលោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុន China Camc Engineering Co., LTD ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន ស៊ីណូម៉ាច នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយម។
ថ្លែងក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តីបានជម្រាបជូនអំពីភារកិច្ចរបស់ក្រសួងធនធានទឹកនិងឧតុនិយម និងទស្សនវិស័យរបស់ក្រសួងនានីតិកាលទី៧ នៃរដ្ឋសភាក្នុងការអភិវឌ្ឍវិស័យធនធានទឹកនិងឧតុនិយមឳ្យកាន់តែរីកចម្រើនឈានទៅដល់ការធានាសន្តិសុខទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលលើវិស័យកសិកម្ម និងធានាបានសក្តានុពលទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ មួយវិញសោត ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ផែនការស្តារអាងទឹកសំខាន់ៗ និងការអភិវឌ្ឍលើវិស័យឧតុនិយមឳ្យកាន់តែមានភាពរីកចំរើន ក៏នៅតែជាកិច្ចការអាទិភាពដែលក្រសួងកំពុងផ្តោតនិងយកចិត្តទុកដាក់ផងដែរ។
លោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុន China Camc Engineering Co., LTD បានជម្រាបជូន លោករដ្ឋមន្រ្តីផងដែរថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនមានជំនាញលើកិច្ចការពាក់ព័ន្ធវិស័យកសិកម្ម វិស័យធារាសាស្រ្តនិងសំណង់ វិស័យថាមពល និងវិស័យទំនាក់ទំនង។ ក្រុមហ៊ុន China Camc Engineering Co., LTD បានអនុវត្តគម្រោងជាច្រើនទទួលបានជោគជ័យនៅទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអាមេរិក និងតំបន់អឺរ៉ុបខាងកើត។
នៅថ្ងៃជាមួយគ្នាផងដែរ លោករដ្ឋមន្រ្តីក៏បានទទួលជួបតំណាងក្រុមហ៊ុន DPCHT CO.,LTD ជាក្រុមហ៊ុនមានជំនាញផ្នែកសេវាជលសាស្រ្ត-ឧតុនិយម មកពីស្រុកបារាំង និងបានពិភាក្សាអំពីកិច្ចសហការលើកិច្ចការជួសជុលថែរទាំស្ថានីយជលសាស្រ្ត-ឧតុនិយម និងការរៀបចំឳ្យមានជាប្រព័ន្ធស្តង់ដារួមមួយសម្រាប់ទទួលព័ត៌មានពីស្ថានីយជលសាស្រ្ត-ឧតុនិយមនៅទូទាំងប្រទេស ដើម្បីបង្កើនការវិភាគសាវាជលសាស្រ្ត-ឧតុនិយម ឳ្យកាន់តែមានសុក្រិតភាពនិងប្រសិទ្ធភាព ឈានទៅដល់ការកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិជាអតិបរមា។
កិច្ចជំនួបបានប្រព្រឹត្តទៅនិងបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលនិងទទួលបាននូវទំនាក់ទំនងល្អប្រសើរ៕
ដោយ ៖ សិលា