ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១សប្ដាហ៍​ ក្រសួងមហាផ្ទៃបំបែកសំណុំរឿងគ្រឿងញៀនធំៗចំនួន៣ ក្នុងចំណោម១៣៤ករណី ឃាត់ខ្លួនជនសង្ស័យ៣១០នាក់!

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែង​បញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២៤​ ខែធ្នូ​ម្សិលមិញនេះ​ថា​ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន  ១៣៤ករណី។ នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ច​គ្រប់ផ្នែកសំខាន់ៗនៃ​ក្រសួង​មហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាម​នីតិវិធីដែលកំណត់ដោយច្បាប់។ 

តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង ៣១០ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ច​នៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង​ តាមជំនាញនិងច្បាប់។

​បន្ថែមពីលើនេះ ​តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ មានករណីបង្ក្រាបទ្រង់ទ្រាយធំចំនួន៣​ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល២ករណីកើតនៅរាជធានីភ្នំពេញ និង​១ករណីទៀតកើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុប​បាន ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និង​ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និង​ចិន៣នាក់។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ បាន១ករណី ចាប់គ្រឿងញៀន​បាន​១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និង​ខ្មែរម្នាក់។ 

លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ ​គឺជាការប្រឹងប្រែង និង​អនុវត្តយ៉ាង​ម៉ឹងម៉ាត់ របស់​អគ្គស្នងការដ្ឋានគរបាលជាតិ  បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយ​ការអនុវត្តនេះ គឺជាទិសដៅអាទិភាពទីមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

ដោយ​៖ ស​ តារា


ចែករំលែក៖