ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងប្រុសស្រីជិត៣០០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំនៅក្នុងកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត ៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលបទល្មើសហិង្សាវ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវកំពុងកើតមានឡើងដោយសារពួកគេជាក្មេងទំនើង។

ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននិងធ្វើការណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃអត់មានឯកសារ និងអត់មានស្លាកលេខត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូទៅផ្តល់ឯកសារនិងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះរង្វង់នៃប្រតិបត្តិការឃាត់ខ្លួននិងអប់រំណែនាំនេះដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វ៉ៃ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។

ចុងក្រោយកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាលោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអនាធិបតេយ្យនៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវ៉ៃកាប់ចាក់គ្នានៅលើដងផ្លូវនាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖