ខេត្តបន្ទាយមានជ័យ៖ នៅចុងខែធ្នូ ឆ្នាំ២០២៣នេះក្រុមឈ្មួញកណ្ដាលបានទិញស្រូវនាងខុនធ្លាក់តម្លៃនៅសល់តែជាង៩ពាន់បាត ព្រោះកាលពីដើមដៃ១តោនជាង១ម៉ឺនបាតនៅក្នុងខេត្តបន្ទាយមានជ័យ។
ប្រជាកសិករបានប្រាប់ថា នៅដើមខែធ្នូដែលប្រជាកសិករដល់រដូវប្រមូលផលស្រូវកណ្តាលជាប្រភេទស្រូវនាងខុនឃើញឈ្មួញកណ្តាលដើរទិញស្រូវដល់ស្រែដែលជាប្រភេទស្រូវសើមឈ្មួញទិញក្នុង១តោនតម្លៃ១០,៥០០បាត បើប្រៀបធៀបកាលពីឆ្នាំ២០២២កន្លងទៅស្រូវនាងខុនសើមឈ្មួញទិញ១តោនតំលៃ៧,០០០ទៅ៨,០០០បាត។
ប្រជាកសិករបានបញ្ជាក់ថា៖ នៅពេលដែលប្រជាកសិករប្រមូលផលស្រូវនាងខុនច្រើនឈ្មួញទិញធ្លាក់តម្លៃ១តោនបានតែ៩,០០០ទៅ៩,៥០០បាតនៅឃុំអូរប្រាសាទនិងឃុំរហាត់ទឹក ស្រុកមង្គលបុរី ដែលសុំអោយមន្ទីរពាណិជ្ជកម្មខេត្តនិងមន្ត្រីពាក់ព័ន្ធចុះពិនិត្យនិងកំណត់តម្លៃអោយបានច្បាស់លាស់ចំពោះឈ្មួញកណ្តាលដែលទិញស្រូវឡើងចុះតាមមាត់ថា។
លោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថាៈនៅក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវចំនួន១៣កន្លែងទិញស្រូវនាងខុនសើមក្នុង១គីឡូក្រាម១,២៣៩រៀលនិងប្រាក់បាត១០,៥បាត ស្រូវស្រង៉ែទិញ១គីឡូក្រាមតម្លៃ១,៣១០រៀល ប្រាក់បាត១១,១បាត។
ទោះជាយ៉ាងណា ពលរដ្ឋក៏បានលើកឡើងថាៈការធ្លាក់ចុះតម្លៃស្រូវនៅចុងខែធ្នូឆ្នាំ២០២៣នេះក៏ព្រោះនៅដើមដៃស្រូវបានតម្លៃខ្ពស់និងមធ្យមជាងឆ្នាំកន្លងទៅ អាចចំណេញនិងដោះដូរទូទាត់ថ្លៃជីបានល្អប្រសើរជាងឆ្នាំកន្លងទៅ៕
ដោយ៖ វណ្ណា