ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី អញ្ជើញប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២”

ចែករំលែក៖

ភ្នំពេញ ៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី និងត្រីយ៍វិស័យសម្រាប់យើងទាំងក្របខណ្ឌរៀបចំគោលនយោបាយ និងសេដ្ឋកិច្ច” ដូចនេះជំរឿនសេដ្ឋកិច្ច គឺដើម្បីចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច សម្រាប់ការរៀបចំគោលនយោបាយ ផែនការ និងអ្នកពាក់ព័ន្ធដទៃទៀត។ ទិន្នន័យ និងស្ថិតិដែលទាញចេញពីទិន្នន័យមានគុណភាព និងដែលអាចជឿទុកចិត្តបាន គឺជាធាតុចូល និង ភស្តុតាង ដែលអ្នកធ្វើគោលនយោបាយត្រូវការជាចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ, និងផែនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនានា ឱ្យចំគោលដៅ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង។ នេះជាប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរាជធានីភ្នំពេញ  ព្រឹកថ្ងៃអង្គារ ទី២៦ ធ្នូ ២០២៣ ។ 

លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣% ៕

ដោយ ៖ សិលា


ចែករំលែក៖