ខេត្តស្វាយរៀង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួមជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចំនួន៥០នាក់ (ស្រី១៣នាក់)។
លោក សំ នីតូ ប្រធានមន្ទីរ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរជម្រាបជូន លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរក្នុងពិធីសំណេះសំណាលនោះ។
លោក ឆាយ ប្ញទ្ធិសែន បាននាំការសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ លើវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍភូមិគំរូ។
ទន្ទឹមនឹងនោះ ក្រសួងបាននិងកំពុងខិតខំបំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ «ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌»។
ដើម្បីចូលរួមចំណែកឱ្យសម្រេចបាននូវចក្ខុវិស័យខាងលើនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោករដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
*ត្រូវរក្សាសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
*មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឱ្យកាន់មានប្រសិទ្ធភាពថែមទៀត។
*មន្ទីរត្រូវបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក្រុមអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងឱ្យបានទូលំទូលាយដល់គ្រប់ ស្រទាប់មហាជន។
*ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត។ បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់រួចមក លោករដ្ឋមន្រ្តី បានដឹកនាំគណប្រតិភូចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTប្រវែង ១៣៣៦៨ម របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អនុវត្តសម្រេចបាន១៥%៕
ដោយ៖ យឹមសុថាន