ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។
-សម្តេចធិបតី ថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។
-សម្ដេចធិបតី ថ្លែងថា មិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ និងសមិទ្ធផលនានាដែលកម្ពុជាអាចទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគតនោះ អ្វីដែលត្រូវចង់ចាំ និងរម្លឹកដល់ដំបូកគេ គឺការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា។ ហេតុនេះហើយនៅថ្ងៃទី២៩ ខែធ្នូនេះកម្ពុជានឹងប្រារព្ធទិវានៃនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាខិតខំស្វែងរកបានយ៉ាងលំបាកដែលកូនខ្មែរត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។
-សម្ដេចធិបតី ថ្លែងថា ក្នុងរយៈពេល៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។
-សម្ដេចធិបតី ស្នើដល់ក្រុមអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ ហើយត្រូវមានការគោរពសិទ្ធិបុគ្គល។
-សម្ដេចធិបតី ប្រកាសច្រានចោលការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស ដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារ ដើម្បីធ្វើព្រែកជីកហ្វូណន ហើយថា គម្រោងនេះ ជារឿងឥតប្រយោជន៍។ សម្ដេចធិបតី ចាត់ទុកការផ្សាយបែបនេះ ជាព័ត៌មានប្រឌិត មានចរិកបំភ្លៃខុសពីការពិត។
-សម្ដេចធិបតី ថ្លែងសារជាថ្មីម្ដងទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ ជាសរសៃឈាមតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមផ្លូវទឹកសមុទ្រ និងផ្លូវទឹកតាមទន្លេសាប និងទន្លេមេគង្គរបស់កម្ពុជា។ សម្ដេច បញ្ជាក់ថា តាមរយៈគម្រោងនេះ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ។
-សម្តេចធិបតី ប្រកាសផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។
-សម្ដេចធិបតី ថ្លែងថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។
-សម្តេចធិបតី បង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។
-សម្ដេចធិបតី ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
សូមជម្រាបជូនថា សមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ៥ ០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ជាស្ថានីយថ្មីទំនើបប្រភេទ PTF ដំណើរការចម្រោះទឹកកខ្វក់ ២៤ម៉ោងលើ២៤ម៉ោង ដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ និងបូមទឹកកខ្វក់ពីស្ថានីយបូមទឹកបឹងត្របែក។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯកនេះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់គម្រោង ២៤ លានដុល្លារ។ យោងតាមការពិសោធន៍ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ទឹកកខ្វក់មុនឆ្លងកាត់ការច្រោះមាន BOD = 80mg/l និងក្រោយឆ្លងកាត់ការច្រោះរួចក្លាយជាទឹកស្អាត គ្មានក្លិនស្អុយ ដែលមាន BOD=11mg/l ប៉ុណ្ណោះ៕
ដោយ៖ ស តារា