បន្ទាប់ពីបងប្រុសរបស់លោកស្រី យីងឡាក់ គឺអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ នៅពេលនេះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានលើកលែងការចោទប្រកាន់កាលពីពេលថ្មីៗនេះ ដោយសាររឿងអាស្រូវរំលោភអំណាច។
ប្រភពពីកាសែតបាងកកប៉ុស្តិ៍ បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ នាយកដ្ឋានឧក្រិដ្ឋកម្មសម្រាប់មន្ត្រីនយោបាយនៃតុលាការកំពូលថៃ បានដោះលែងអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីបទរំលោភលើការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ២០១១។
តុលាការបានសម្រេចថា ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន មិនមានចេតនាបង្កការខូចខាតនោះទេ ហើយនេះគឺជាការផ្ទេរភារកិច្ចធម្មតា មិនមែនជាការគ្រោងបណ្តេញអគ្គស្នងការនគរបាលជាតិ និងតែងតាំងសាច់ញាតិក្នុងតំណែងនេះទេ។
តុលាការក៏បានដកហូតដីកាចាប់ខ្លួនលោកស្រី យីងឡាក់ ដែលចេញនៅពេលលោកស្រីខកខានចូលខ្លួននៅតុលាការកាលពីខែវិច្ឆិកា ដើម្បីបើកសវនាការលើសំណុំរឿងនេះ។
លោកស្រី យីងឡាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចតាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១។ នៅពេលនោះ លោកស្រីបានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ និងបានចុះហត្ថលេខាលើបញ្ជាផ្ទេរលោក Thawil Pliensri ពីតំណែងជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិទៅកាន់តំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រី។
បន្ទាប់មកគណៈរដ្ឋមន្ត្រីបានអនុម័តលើឯកសារតែងតាំងឧត្តមសេនីយ៍ប៉ូលិស Wichean Potephosree ដែលកាលនោះជាអគ្គស្នងការនគរបាលជាតិជំនួសលោកថាវីល។
បន្ទាប់មក លោកស្រី យីងឡាក់ ក្នុងនាមជាអតីតប្រធានគណៈកម្មការនគរបាល បានស្នើឱ្យសាច់ញាតិជិតស្និទ្ធរបស់លោកស្រី គឺឧត្តមសេនីយ៍ ព្រីវផាន ដាម៉ាផុង ធ្វើជាអគ្គស្នងការនគរបាលជាតិ ដោយបំពេញតួនាទីទំនេររបស់លោក សំណើនេះត្រូវបានអនុម័តដោយគណៈកម្មការប៉ូលីស។
លោក ថាវី បានដាក់ញត្តិទៅតុលាការរដ្ឋបាលកំពូល ហើយតុលាការបានបញ្ជាឱ្យលុបចោលដីកាផ្ទេរតំណែង។ បន្ទាប់មកទៀត តុលាការធម្មនុញ្ញរបស់ប្រទេសក៏បានកាត់សេចក្តីថា លោកស្រី យីងឡាក់ បានរំលោភអំណាចដោយជ្រៀតជ្រែកក្នុងការបង្វែរមន្ត្រីរដ្ឋាភិបាល។ ក្រោយមកលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ។
អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា អាយុ៥៦ឆ្នាំ បាននិរទេសខ្លួននៅក្រៅប្រទេស តាំងពីខែសីហា ឆ្នាំ២០១៧។ លោកស្រីមិនបានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីស្តាប់សាលក្រមលើការចោទប្រកាន់មិនទទួលខុសត្រូវក្នុងកម្មវិធីគាំទ្រស្រូវសម្រាប់កសិករ ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងហោចណាស់ 500 ពាន់លានបាត ៕ ដោយ៖ ធីរីណា
រូបថត៖ AFP