ភ្នំពេញ៖ ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួរជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុក ម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ។
គួរបញ្ជាក់ថា លុះនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី មានទីលំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ដោយ៖ ស តារា