ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនបួងចង្កូតបត់ត្រឡប់ក្រោយត្រូវរថយន្តមួយគ្រឿងទៀតបើកត្រង់មកបុកពីក្រោយពេញទំហឹងប៉ើងកល់ជាប់នៅលើសួនច្បារពុះចែកទ្រូងផ្លូវ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបួងចង្កូតបត់ត្រឡប់ក្រោយមិនបានប្រយ័ត្ន ស្របពេលមានរថយន្តមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់តាមផ្លូវត្រង់មកបុកពីក្រោយពេញទំហឹងប៉ើងខ្ទាតទៅកល់ជាប់នៅលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខូចខាតទាំងសងខាង។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាកToyota Prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BK-5807 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿន ខណៈបើកមកដល់ចំណុចកើតហេតុក៏បានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយស្របពេលមានរថយន្តToyota Priusមួយគ្រឿងទៀត ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BS-6220បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តដែលបត់ត្រឡប់ក្រោយនោះចំពីក្រោយពេញទំហឹងប៉ើងកល់នៅលើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាតផ្នែកខាក្រោយស្ទើរទាំងស្រុង ។ ចំណែកឯរថយន្ត Toyota Prius មួយគ្រឿងទៀតខូចខ្ទេចផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។

    បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឱ្យភាគីទាំងសងខាងសម្រួលគ្នាតែមិនត្រូវគ្នាក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖