ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថា សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល។
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពសិទ្ធិក្នុងការបេីកបរ កុំបេីកបរបំពានកន្លងផ្លូវ និងគោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕
ដោយ៖ ស តារា