ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ ខណៈ៥០រូបផ្ទេរភារកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខាផ្ទេរភារកិច្ចមន្ដ្រីនគរបាលចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។

នេះបើតាមប្រកាសដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរបាល» ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គឺលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចមន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ពីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅបណ្ដានាយកដ្ឋាន អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិវិញ។

គួរជម្រាបថា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ ក៏ត្រូវបានដកហូតមុខតំណែងដូចគ្នាផងដែរ។ ខណៈកន្លងទៅថ្មីៗនេះ លោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិនេះ ក៏ត្រូវបានដកតំណែងដែរ ក្រោយរងបណ្ដឹងគាបស៉ីលុយក្រុមហ៊ុនលក់ស្រា ចំនួន១០ម៉ឺនដុល្លារ ហើយនិងស្រាចំនួន៤៨ដប លោកក៏ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កោះហៅឲ្យចូលទៅបំភ្លឺផងដែរ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ 

ដោយឡែក លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក៏ត្រូវបានដកហូតតំណែងពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋានវិញ ផងដែរ។ 

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋាន កណ្ដាលសន្តិសុខ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រី នគរបាលជាតិ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធនិងសាមីខ្លួនដែល មានឈ្មោះក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 

ដោយ ៖ សិលា


ចែករំលែក៖