ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្រ្តី លី ធុជ ៖ រដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងបន្តគាំទ្រចំពោះការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងវិស័យសកម្មភាពមីន

ចែករំលែក៖

ខេត្តកែប៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ ខែ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះរួមទាំងវិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។ 

នេះជាលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបាននូវកិត្តិយស និងការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។ 

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ឆ្នាំ២០២៣ នេះ កម្ពុជា បានដាក់ចេញនូវផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផែនការប្រចាំឆ្នាំធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២។ ជាមួយគ្នានេះ កម្ពុជា បានក្លាយជាឈានមុខគេ និងត្រូវបានចាត់ទុកជាប្រទេសគំរូនៅលើសកលលោក សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន។

សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តការគាំទ្រយ៉ាងពេញទំហឹង និងមុះមុតក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី តាងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ មីន បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជាបានយ៉ាងល្អប្រសើរ ចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទះខ្ពស់។ ការទទួលជោគជ័យរយៈពេល ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។

     លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា យើងទាំងអស់គ្នា មិនត្រឹមតែបំពេញបេសកកម្មដើម្បីស្ថាប័នអាជ្ញាធរមីនប៉ុណ្ណោះទេ យើងថែមទាំងបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេស ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ យើងទាំងអស់នឹងរួមគ្នា រំដោះប្រទេសជាតិយើងចេញពីទុក្ខវេទនា និងការគម្រាមកំហែងពីគ្រាប់មីន។ 

ក្រោយសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីន នៅមានកិច្ចការជាច្រើនទៀត រួមទាំងការរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាសំខាន់ៗចំនួន២ រួមមាន ទី១/. ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន និងទី២/.ការគាំទ្ររៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់ក្រោយឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តប្រកាប់ខ្ជាប់នូវអកប្បកិរិយា និងឥរិយាបទចំនួន ៧ ចំណុច ក្នុងបំពេញការងារប្រចាំថ្ងៃ រួមមាន៖ ភាពស្មោះត្រង់ចំពោះស្ថាប័ននិងជាតិ ការបំពេញកាតព្វកិច្ច ការគោរពគ្នាទៅវិញទៅមក ការផ្តល់សេវាដោយមិនគិតពីប្រយោជន៍ខ្លួនឯង ការផ្តល់កិត្តិយសឱ្យគ្នា សុចរិតភាព និងសេចក្តីក្លាហាន/ការពុះពារ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖