ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ នៃខេត្តក្រចេះ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវៈចម្រុះដ៏សម្បូណ៌បែបតាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀតក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត និងជាពិសេសបង្កើតការងារធ្វើ និងបង្កើនការនាំចេញនៅនឹងកន្លែង បង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍មកលេងកម្សាន្ត ដែលជាភាពរស់រវើកនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តក្រចេះ។
លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងបន្តថា រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អរួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន និងជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍នៅហ្នឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកម្សាន្តកាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្ត្រី ថ្លែងបន្ថែមថា ខេត្តក្រចេះ ពោរពេញដោយសក្តានុពលសេដ្ឋកិច្ចក្នុងនោះខេត្តក្រចេះមានការរីកចម្រើនលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិដូចជាផ្សោតទឹកសាប ដែនជម្រកសត្វព្រៃដែលសម្បូរសត្វក្តាន់ និងសត្វត្មាតជាដើម។ ជាមួយគ្នានេះ ខេត្តក្រចេះក៏ត្រូវបានគេស្គាល់ថាជាខេត្តមានក្រូចថ្លុងដ៏ឆ្ងាញ់ពិសានៅកោះទ្រង់, ក្រឡានថ្មក្រែដ៏ឈ្ងុយឆ្ងាញ់ រួមនឹងកោះដ៏ស្រស់ស្អាត។ ឯកឧត្តមប្រធានក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅបណ្តាខេត្តផ្សេងមកទស្សនាកម្សាន្តខេត្តក្រចេះ ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែខ្លាំងថែមទៀត បង្កើតការងារ និងបង្កើនចំណូលជូនពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះឱ្យបានល្អប្រសើរ ដើម្បីបន្តពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចុះនូវវិធានការអនុវត្តការងារមួយចំនួនដើម្បីបំរើផលប្រយោជន៍ប្រជាជន។
ក្នុងឱកាសនៃការអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែធ្នូម្សិលមិញនេះដែរ, លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍រាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ អង្គសន្និបាតបានធ្វើការវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកពាក់ព័ន្ធទាំងអស់ ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋសហការរួមគ្នារក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមប្រកបដោយលក្ខណៈល្អប្រសើរដែលអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យក្នុងឆ្នាំ២០២៣។ អង្គសន្និបាតបានលើកប្រធានបទក្រុមពិភាក្សាចំនួន៦ ដែលផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖
១).ពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២).ការផ្ដល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ ឃុំ សង្កាត់ ៣).ពង្រឹង និងជំរុញការអនុវត្តការងារសេវាសង្គមក្រុង ស្រុកនិងឃុំ សង្កាត់ ៤).ពង្រឹងគុណភាពសេវាសុខាភិបាល ៥).ពង្រឹងគុណភាពវិស័យអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ៦).ចុះបញ្ជីដីធ្លី ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការគ្រប់គ្រងដីចំណីផ្លូវ៕
ដោយ៖ តារា