ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តប៉ះ និងកិនអ្នកបើកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តប៉ះ និងកិនអ្នកបើកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកស្នងការ បានបញ្ជាក់ថា «អធិការខណ្ឌសែនសុខ បានចេញលិខិតកោះហៅអ្នកបើកឡានឲ្យចូល ប៉ុន្តែយើងក៏ឲ្យកម្លាំងជំនាញតាមស្វែងរក ដើម្បីនាំខ្លួនមកសួរនាំផងដែរ»។

សូមបញ្ជាក់ថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុក បន្ថែមទៅលើជនរងគ្រោះហើយបើកគេចខ្លួន។ហេតុការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

ជាចុងក្រោយ សូមម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួនមកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖