ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីយោធាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនិយាយថា ទាហាននិងប៉ូលិសរដ្ឋបាលខេត្តស្រះកែវ លោក សន ឌី កំពុងតាមចាប់ក្រុមក្មេងទំនើងដែលបញ្ជូនម៉ូតូជាច្រើនគ្រឿងឆ្លងប្រទេស។
ប្រភពបន្តថាៈ ក្រុមឈ្មួញកណ្ដាលបានត្រៀមខ្លួនទទួលម៉ូតូស៊េរីទំនើបបានខកចិត្តដោយសារតែសមត្ថកិច្ចថៃតាមចាប់ក្រុមក្មេងដែលក្រុមឈ្មួញប្រើឱ្យជិះម៉ូតូបម្រុងឆ្លងដែន។
ការបង្រាបបទល្មើសឆ្លងដែននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ តាមប្រភពបញ្ជាក់ថាៈកម្លាំងប៉ុស្តិ៍នគរបាលប៊ូរ៉ាផា ក្រុមការងារពិសេស រ៉ាម៉ា២ រួមជាមួយ ន.ប.១១, គ.ប.ក.៣, កងវរសេនាតូចលេខ១២០៦, អធិការដ្ឋានស្រុកអារញ្ញ និងមន្ត្រីប៉ុស្តិ៍នគរបាលព្រែកប្រសព្វ រៀបចំកម្លាំងចុះត្រួតពិនិត្យចម្ការត្នោតក្បែរព្រំដែន ស្ថិតក្នុងភូមិថាព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ ព្រោះបានទទួលដំណឹងពីអ្នកភូមិថា មានម៉ូតូកំពុងដឹកបម្រុងឆ្លងដែន ហើយបាននាំយកទៅលាក់ទុកក្នុងចម្ការត្នោតខាងលើ។ ក្រោយពីការត្រួតពិនិត្យរួមគ្នាមកបានរកឃើញមានម៉ូតូ២៣គ្រឿងបិទបាំងនិងដើមត្នោតលាក់ទុក ប៉ុន្តែមិនមានអ្នកណាម្នាក់ជាម្ចាស់ឡើយ ។ គេជឿថា ម៉ូតូដែលគេយកមកលាក់នោះដើម្បីត្រៀមដឹកជញ្ជូនទៅប្រទេសនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងនោះគឺមានម៉ាក scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង ដោយម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោបញ្ឆេះទាំងអស់។
កម្លាំងអាវុធហត្ថ នគរបាល និងមន្ត្រីរដ្ឋបាលបានសហការគ្នាដកហូតម៉ូតូទាំងអស់បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលព្រែកណាំសៃ ដើម្បីចាត់ការបន្តតាមច្បាប់ ។
ប្រភពថាៈ បទល្មើសឆ្លងដែននៅខាងជើងផ្លូវជាតិលេខ៥និងខាងត្បូងផ្លូវជាតិលេខ៥នៅតែបន្តជារៀងរាល់យប់ បើទោះបីរាជរដ្ឋាភិបាលបានដាក់មកឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តរួមទាំងស្ថាប័នទាហានទប់ស្កាត់ឱ្យបានរាល់បទល្មើស់ឆ្លងដែនតាមច្រករបៀងព្រំដែនកម្ពុជា-ថៃដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធគ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សនិងបទល្មើសផ្សេងៗ ផងដែរ៕
ដោយ ៖ វណ្ណា