ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចរោងចក្រស្លរជ័រ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
មន្រ្តីជំនាញ បានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ។ ចំពោះអគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះឃ្លាំងទំហំ ២៥ម៉ែត្រ គុណនិង ២៥ម៉ែត្រ ចំនួន០១ឃ្លាំង រួមមានរថយន្តបែន ចំនួន ០១គ្រឿង (ខូចខាត១០%), ស្នោរចំនួន ០២តោន រួមទាំងសម្ភារៈអស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
គួរបញ្ជាក់ថា នៅវេលាម៉ោង២២ និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើរនឹង ៤០ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរោងចក្រ ០១គ្រឿង មិនបានប្រើប្រាស់ទឹក៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច