ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់នៅនឹងកន្លែង កើតហេតុ ចំណែកឯមនុស្សប្រុសស្រី៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនបុកគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ ថាត់ ទ្រី ហុងញ៉ា អាយុ៤៨ឆ្នាំ មុខរបរលក់នំបញ្ចុក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែរផ្សារញ៉ែ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះម្នាក់រួមដំណើរជាមួយកូនស្រី ជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1BN-7087 តាមបណ្តោយផ្លូវលេខ១៣៨ ក្នុងទិសដៅពីជើងទៅត្បូងហើយបានឆ្លងផ្លូវបំបែកជាបួន ពេលជិះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូម៉ាក YAMAHA MXking មួយគ្រឿងពាក់ផ្លាកលេខសៀមរាប1AP-3628 ជិះឌុបគ្នា៣នាក់មាននារីម្នាក់ និងបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ពេលជិះមកដល់ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ ល្បឿនក៏ជ្រុលទៅបុកម៉ូតូធូដេជិះដោយស្រ្តីម្នាក់រួមនឹងកូនតូចពេញទំហឹងដួលទាំងអស់គ្នាបណ្តាលឱ្យស្រ្តីរងគ្រោះបោកក្បាលនឹងផ្លូវស្លាប់ ចំណែកកូនរងរបួសធ្ងន់ ចំណែកភាគីម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ទាំងបីនាក់ ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងដឹកទៅសង្គ្រោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ