ខេត្តកំពត៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពត សម្រាប់ព្រឹត្តិការណ៍ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ ភ្ញៀវទេសចរ បាននាំគ្នាចេញ ដើរកម្សាន្តតាមបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តជិត៤០ម៉ឺននាក់។ ហើយភ្ញៀវទេសចរ និងអាជីវករ បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងនិយាយថារដ្ឋបាលខេត្តរៀបចំបានស្អាតប្លែក ធ្វើឲ្យទេចរសប្បាយរីករាយ កក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង។
លោកប្រធានមន្ទីរទេសណ៍រូបនេះ បន្តថា ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពី សំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការរៀបចំតុបតែងកែលម្អសោភ័ណភាពក្រុង ពិសេសការអភិវឌ្ឍន៍តំបន់ឆ្នេរ និងកម្មវិធីកម្សាន្តសប្បាយច្រើនផងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំនៅខេត្តកំពត មានភាពអធឹកអធម គគ្រឹកគគ្រេង ពោពេញដោយភាពសប្បាយរីករាយក្រៃលែង។
លោកប្រធានមន្ទីរ បានបន្ថែមថា សម្រាប់ថ្ងៃទី៣១ ខែធ្នូ (ថ្ងៃCount Downឆ្លងឆ្នាំ)ខេត្តកំពត មានទេសចរសរុបចំនួន៣៨៦ ៤៨៨ នាក់ ក្នុងនោះ ៖ ភ្ញៀវទេសចរកំសាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍នានាសរុបចំនួន ៥៦ ៤៨៨ នាក់ (ភ្ញៀវអន្តរជាតិចំនួន២៤៨៨នាក់) ខណៈដែលភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមកំសាន្តសប្បាយកម្មវិធីរាប់ថយក្រោយ(Count Down) ក្នុងក្រុង មានចំនួនសរុប ៣៣០ ០០០នាក់ (ភ្ញៀវទេសចរអន្តរជាតិចំនួន១៥០០នាក់ )។
បន្ថែមពីនេះ ប្រធានមន្ទីររូបនេះ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្លងឆ្នាំ(២០២៣ ចូល២០២៤) បានព្រឹត្តិទៅល្អប្រសើរ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកក់សំគាល់នោះឡើយ ហើយបើទោះជាមានទេសចរមកលេងពេញក្រុងកំពត និងគ្រប់គោលដៅទេសចរណ៍ និងរមណីយដ្ឋានយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តនៅតែរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះចរាចរណ៍ ធ្វើឲ្យភ្ញៀវទេចរមានទទួលបានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំង៕
ដោយ៖ តារា